តើបណ្តាញអាជីវកម្ម (Business Networking) គឺជាអ្វី?
![]() |
| Shutterstock.com |
តើបណ្តាញអាជីវកម្ម (Business Networking) គឺជាអ្វី?
បណ្តាញអាជីវកម្ម(Business Networking) សំដៅលើការជួប និងភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ឬអ្នកជំនាញផ្សេងទៀតដែលមានបទពិសោធន៍អាជីវកម្ម។ បណ្តាញអាជីវកម្មផ្តល់ឱ្យអ្នកនូវក្រុមអ្នកជំនាញ ដៃគូប្រកួតប្រជែង អតិថិជន និងអនុញ្ញាតឱ្យអ្នកទទួលបាន ឬដោះដូរសេវាកម្ម ដំបូន្មាន ចំណេះដឹង ឬផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ ការបង្កើតទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃទៀត ជួយអ្នកពង្រីកឱកាសសម្រាប់ភាពជាដៃគូ ការបណ្តាក់ទុនរួមគ្នា ឬការពង្រីកសម្រាប់អាជីវកម្មរបស់អ្នក។
តើបណ្តាញអាជីវកម្មដំណើរការយ៉ាងដូចម្តេច?
ជាទូទៅ ម្ចាស់អាជីវកម្មអាចចាប់ផ្ដើមស្វែងរកបណ្តាញអាជីវកម្មតាមរយៈការចូលរួមសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ឬកម្មវិធីជួបជុំផ្សេងៗ។ ព្រឹត្តិការណ៍ទាំងនេះជាទូទៅត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់វេទិកាសម្រាប់អ្នកជំនួញ និងម្ចាស់អាជីវកម្មក្នុងស្រុកដើម្បីជួបគ្នា ស្គាល់គ្នា និងផ្លាស់ប្តូរគំនិត។ព្រឹត្តិការណ៍បណ្តាញ ឬការជួបជុំម្ចាស់អាជីវកម្មក្នុងតំបន់នាំមកនូវឱកាសដើម្បីជួប ស្គាល់ និងពិភាក្សាជាមួយម្ចាស់អាជីវកម្មដទៃទៀតដែលនៅក្នុងតំបន់តែមួយ។ វាក៏ជាឳកាសមួយដែល ម្ចាស់អាជីវកម្មអាចស្ទាបស្ទង់ពីអាជីវកម្មស្រដៀងគ្នាពីគម្រូអាជីវកម្មរបស់គេ ការលំបាកនិងបញ្ហាមួយចំនួនដែលគេជួបប្រទះ។ ពេលខ្លះដៃគូប្រកួតប្រជែងក៏អាចក្លាយជាដៃគូសហការដ៏មានសក្តានុពលដូចគ្នា!
តើបណ្តាញអាជីវកម្មផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
បណ្តាញអាជីវកម្មអាចអនុញ្ញាតឱ្យអ្នកបង្កើតការយល់ដឹងអំពីបច្ចុប្បន្នភាពនៃទីផ្សាររបស់ឧស្សាហកម្មរបស់អ្នក។ បណ្តាញអាជីវកម្មក៏អាចផ្តល់ឱ្យអ្នកនូវអ្នកណែនាំអាជីព ឬទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃដែលអាចជួយអ្នកជាមួយនឹងបញ្ហាដែលអ្នកកំពុងត្រូវការជំនួយ។
ឧទាហរណ៍៖ ប្រសិនបើអាជីវកម្មរបស់អ្នកត្រូវការសេវាកម្មពីអ្នកគណនេយ្យ គណនេយ្យករ ឬមេធាវី អ្នកអាចស្វែងរកពួកគេតាមរយៈបណ្តាញរបស់អ្នក។ ប្រសិនបើអាជីវកម្មរបស់អ្នកត្រូវការហិរញ្ញប្បទាន អ្នកប្រហែលជាអាចស្វែងរកអ្នកវិនិយោគ ឬអ្នកបណ្តាក់ទុនតាមរយៈបណ្តាញអាជីវកម្មបានដូចគ្នា។
បណ្តាញអាជីវកម្មជាកន្លែងមួយសម្រាប់ពង្រីកចំណេះដឹងរបស់អ្នក ដោយអ្នកអាចទាញយកអត្ថប្រយោជន៍ពីទស្សនៈ និងបទពិសោធន៍ពីមុនៗរបស់ម្ចាស់អាជីវកម្មដទៃ។ ឧទាហរណ៍ថា ប្រសិនបើអ្នកកំពុងចង់នាំចេញផលិតផល ឬសេវាកម្មរបស់អ្នកទៅក្រៅប្រទេស អ្នកប្រហែលជាអាចទទួលបានដំបូន្មានដ៏មានតម្លៃមួយចំនួនពីម្ចាស់អាជីវកម្មផ្សេងទៀតដែលបានធ្វើអាជីវកម្មស្រដៀងគ្នា។
Labels: Digital Marketing Tips


<< Home